ប្រាសាទបក្សីចាំក្រុងចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១
(៩១០ - ៩៤៤) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រាទាំងពីររបស់ព្រះបាទយសោវរ្ម័នទី១
និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤ - ៩៦៨)
ដែលប្រាសាទនេះត្រួវបានស្ថាបនាដើម្បីឧទ្ទឹសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។
ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង
ប្រហែល១៥០ម៉ែត្រមានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពក្រហម។
នៅម្តុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ
ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ។ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី មានថ្នាក់ៗ
ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត។ ប្រាសាទនេះមាន៤ ថ្នាក់ កសាងពីថ្មបាយកៀ្រមបន្តុប
ប្រាសាទឥដ្ឋខាងលើ មានជណ្តើរគ្រប់ទាំងបួនទិស
ទ្វារបញ្ឆោតបីទិសតែក្បាច់រចនាសំរាប់បិទពីក្រៅបាត់បង់អស់ហើយនៅសល់តែក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ
មានព្រះឥន្រ្ទ គង់លើដំរីព្ធរាវ័ណ (ដំរីមានក្បាលបី) ឯចុងទាំងសងខាងមានគណេសនិងមាត់ទ្វារខាងកើតមានសិលាចារិក
។ តាមឯកសារបានបញ្ជាក់ថាកាលពីជំនាន់កសាងប្រាសាទនេះពុំមានសិលាចារិកអ្វីឡើយលុះដល់
ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដែលមានមរណនាមថា សិវលោក
បាននាំរាជធានីពីកោះកេរមកតាំងនៅអង្គរសាថ្មីវិញនៅគ្រិស្តសករាជ៩៤៨
ទើបព្រះអង្គឲ្យគេចារិកកាព្យសំស្រ្កឹតនៅលើមេទ្វារគួរជាទីចាប់អារម្មណ៍ក្រៃលែងព្រោះមាននិទានអំពីបុព្វការីជនដំបូងបង្អស់នៃជនជាតិខែ្មរក្នុងលំនាំរឿងព្រេងដែលបាននិយាយថាខែ្មរមានតំណពូជពង្ស
មកពីឥសីមួយអង្គព្រះនាម "កម្ពុ" ដែលបង្កើតដោយឯកឯង (ស្វាយម្ភូ)
ឥសីនោះទៅភពប្រសព្វនឹងទេពកញ្ញាឈ្មោះ "មេរា" ទើបបង្កើតជាកូនចៅតរៀងមក ប្រាសាទបក្សីចាំក្រុងកសាងនៅលើស្ថានីយបុរេប្រវត្តិមួយនៃយុគសំរឹទិ្ធ។
សិលាចារិកនៅលើទ្វាប្រាសាទបញ្ជាក់អំពីកាលបរិច្ឆេទរបស់ប្រាសាទ និង
ពីរូបបដិមាព្រះឥសូរធ្វើអំពីមាស និងកវីទេវកថានៃអារ្យធម៌ខ្មែរ។
នៅចម្ងាយ១៥០ម៉ែត្រពីជណ្តើរបុរាណភ្នំបាខែង នៅខាងឆ្វេងផ្លូវគេប្រទះឃើញប្រាសាទនេះលេចនៅក្នុងកណ្តាលព្រៃមានថ្នាក់កាំជណ្តើរស្ថាបនាដោយថ្មបាយក្រៀមនិងឥដ្ឋពណ៌ក្រហម
ដែលជាសម្ភារៈម្យ៉ាងដែលច្រើនប្រើប្រាស់នៅក្នុងសតវត្សរ៌ទី១០។
តួប្រាសាទប្រើឥដ្ឋដោយមិនប្រើប្រាស់កំបោរបាយអរ ដើម្បីភ្ជាប់ឥដ្ឋនោះទេ
គេដាក់បន្តុបពីលើផ្ទៃគ្រឹះឱ្យឃើញគែមបន្តិចៗតួប្រាង្គនេះមួយជ្រុងប្រវែង៨ម៉ែត្រសង់ទៅទិសខាងកើត
ហើយមានទ្វារបញ្ឆោត៣ដែលមានសសរនិងផ្តែរសង់អំពីថ្មភក់ដែលមានឆ្លាក់ក្បាច់ផ្កាយ៉ាងល្អ។
ជាពិសេសទៅទៀតក្បាច់ដែលនៅខាងលើផ្តែរទិសខាងកើតមានឆ្លាក់រូបគណេស្វរៈមានប្រមោយវែងដូចរូបដែលគេឃើញនៅប្រាសាទមេបុណ្យខាងកើត។
នៅចំកណ្តាលប្រាង្គនៅទិសខាងកើតមានផ្តែរឆ្លាក់ជារូបព្រះឥន្ទ្រគង់លើដំរីក្បាលបីនិងមានរូបមនុស្សតូចៗអមសងខាងផង។
នៅខាងក្រៅមានឆ្លាក់ជាក្បាច់ផ្កាផ្សេងៗព្រមទាំងទេពមានលាបពណ៌ខ្លះផង
ដើប្បីកុំឱ្យឆាប់ខូចក្បាច់។
នៅកណ្តាលប្រាង្គមានគេចាក់ដីកម្រាស់មួយម៉ែត្រហើយមានព្រះពុទ្ឋរូបចូលបរិនិព្វាន
រូបព្រះពុទ្ឋនេះត្រូវបានគេកសាងនៅសម័យក្រោយទេ។
អំពីឈ្មោះប្រាសាទ
ឈ្មោះរបស់ប្រាសាទបក្សីចាំក្រុងគឺជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ
ដែលស្តេចនៅក្នុងរឿងនោះមានបក្សីចាំថែរក្សាគ្រប់គ្រង
ហើយមិនបានគ្រងរាជ្យបន្ទាប់ពីមានការគេចខ្លួនពីការដេញតាមសំលាប់ពីស្តេចដែលសោយរាជ្យមុន។
សិលាចារឹក
តាមសិលាចារឹកនៅប្រាសាទបក្សីចាំក្រុង
បានសរសើរពីព្រះបាទហស៏វរ្ម័នទី១ ពូកែក្នុងការប្រយុទ្ធ ដោយដាវ ពោរពេញដោយជ័យជំនៈ
តឹងរុឹងក្នុងការតាំងសមាធិ យកចិត្តទុកដាក់ក្នុងការយកអាសាអ្នកដទៃ
ត្រឹមត្រូវក្នុងវិរភាព។
សិលាចារឹកនៅតាមជើងសសរខ្លោងទ្វាររៀបរៀបពីរាជ្ជកាលរបស់ព្រះបាទរេជេន្ទ្រវរ្ម័នព្រមទាំងអធិប្បាយបញ្ជាក់អំពីស្ថានភាពនៃប្រាសាទនៅក្នុឆ្នាំ៩៤៧នៃគ.ស។
មានរូបសំណាក់ព្រះវស្ណុមួយអង្គបិទមាសនៅក្នុងប្រាសាទនេះនៅជំនាន់នោះ៕



Post a Comment